ទីប្រឹក្សាម្នាក់របស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បាននិយាយឲ្យដឹងកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញនេះថា ការចំណាយលើវិស័យយោធារបស់ប្រទេសឥណ្ឌូនេស៊ីអាចកើនឡើងដល់ចំនួន២០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៩ខាងមុខ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន រួមទាំងតំបន់មានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងផង ។
មន្ត្រីជាអតីតមេបញ្ជាការកងទ័ពពិសេសឥណ្ឌូនេស៊ីមួយរូប បាននិយាយថា វាជាការសំខាន់ណាស់ក្នុងការពង្រឹងសមត្ថភាពកម្លាំងកងទ័ពឥណ្ឌូនេស៊ី ដើម្បីការពារផលប្រយោជន៍ជាតិ រួមទាំងប្រជុំកោះ Natuna ដែលជាប្រជុំកោះតូចៗនៅឯនាយឆ្នេរសមុទ្រ Borneo ភាគពាយ័ព្យនៃប្រទេសឥណ្ឌូនេស៊ី ។
កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ឥណ្ឌូនេស៊ីបានប្រារព្ធខួបលើកទី៦៩នៃការបង្កើតកងទ័ពរបស់ខ្លួន ដោយបានបង្ហាញនូវឧទ្ធម្ភាគចក្រជាច្រើនគ្រឿងហោះហើរពីលើនាវាកងទ័ពជើងទឹក ៕
____________________
ប្រភព ដើមត្នោត