ខ្សែភាពយន្តឯកសារ “My Love, Don’t Cross That River” បានឈរលើកំពូលតារាង ចំណូលភាពយន្ត Box Office របស់កូរ៉េក្នុងសប្ដាហ៍នេះ ដោយបានយកឈ្នះខ្សែភាពយន្ត Hollywood មានចំណងជើងថា “Interstellar”។
“My Love, Don’t Cross That River” ជាខ្សែភាពយន្តឯកសារ របស់កូរ៉េខាងត្បូង ដឹកនាំដោយលោក Jin Mo-young ។ ភាពយន្តនេះរៀបរាប់ពីស្នេហាអមតៈ នៃគូស្នេហ៍ចាស់ជរាមួយគូ (សម្ដែងដោយ Jo Byeong-man និង Kang Kye-yeol) ដែលប្រកាន់ចិត្តស្រលាញ់ និងរួមរស់ជាមួយគ្នារហូតអាយុ៧៦ឆ្នាំ។ ប៉ុន្តែចុងក្រោយតួប្រុសត្រូវស្លាប់។
ខ្សែភាពយន្តដែលសម្បូរឈុតស្នេហាក្ដុកក្ដួលរំជួលចិត្តនេះត្រូវបានគេយកទៅចាក់បញ្ចាំងនៅតាមរោងកុន ៨០៦កន្លែង និងអាចទាក់ទាញអ្នកទស្សនាបាន ៦៣៧ ៣១១នាក់ក្នុងមួយសប្ដាហ៍ដំបូង។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ គឺថាក្នុងរយៈពេលបីសប្ដាហ៍ប៉ុណ្ណោះ ចំនួនចាក់បញ្ចាំងមានរហូតដល់ជាង ៦០០០ដង ស្ទើរមិនគួរឱ្យជឿ។
ដោយសារភាពល្បីល្បាញ រឿងកូរ៉េ “My Love, Don’t Cross That River” បានធ្វើឱ្យអ្នកទស្សនាកើនដល់ទៅ ៤២៨,៩% កាលពីសប្ដាហ៍មុន។ ចំណែកកាលពីថ្ងៃទី១៣ ខែធ្នូ មានអ្នកចូលទស្សនាចំនួន ៥៣,៣% ខណៈថ្ងៃទី១៤ មានចំនួន ៥៥,៤% នៃចំនួនអ្នកទស្សនាភាពយន្តសរុប។ ដោយឡែក ខ្សែភាពយន្ត Hollywood “Interstellar” បានត្រឹមជាប់លេខ២ ដោយមានអ្នកទស្សនាតែ ៣០% នៃចំនួនអ្នកទស្សនាសរុបប៉ុណ្ណោះ សម្រាប់ចុងសប្ដាហ៍នេះ។
សូមមើល Trailer ខាងក្រោម៖
ប្រភពៈ Sabay News